បទុម​ធារិ​យត្ថេ​រាប​ទាន ទី១០


 [១១០] ក្នុង​ទី​ជិត​ព្រៃ​ហេមពាន្ត មាន​ភ្នំ​មួយ​ឈ្មោះ​រោម​សៈ កាលនោះ ព្រះសម្ពុទ្ធ​ព្រះនាម​អភិ​សម្ភវៈ ទ្រង់​គង់​ក្នុង​ទីវាល​ជិត​ភ្នំ​នោះ។ ខ្ញុំ​ចេញ​អំពី​លំនៅ បាន​យក​ផ្កាឈូក​បាំង​ថ្វាយព្រះ​អង្គ លុះ​ខ្ញុំ​យក​ផ្កាឈូក​មួយ​បាំង​ថ្វាយ អស់​មួយថ្ងៃ​ហើយ ខ្ញុំ​ត្រឡប់​មកកាន់​លំនៅ​វិញ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ព្រះពុទ្ធ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៥៧ | បន្ទាប់