កច្ចាយន​វគ្គ ទី៥៤
មហា​កច្ចា​យន​ត្ថេ​រាប​ទាន ទី១


 [១២១] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​មិន​ញាប់ញ័រ ឥតមាន​បុគ្គល​ផ្ចាញ់​បាន ជានា​យក ទ្រង់​ត្រាស់​ឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ។ ព្រះ​វីរ​សម្ពុទ្ធ ទ្រង់​មាន​ត្របក​ព្រះនេត្រ​ដូច​ផ្កាឈូក មាន​ព្រះ​ឱស្ឋ​ប្រាសចាក​មន្ទិល​ដូច​ព្រះចន្ទ មាន​ព្រះ​តចៈ​ដូច​មាស មាន​រស្មី​រុងរឿង​ដូច​ព្រះអាទិត្យ ទ្រង់​ជាទី​ត្រូវ​ភ្នែក និង​ចិត្ត របស់​សត្វ ប្រដាប់ដោយ​លក្ខណៈ​ដ៏​ប្រសើរ ទ្រង់​កន្លង​ផុត​គន្លង​ពាក្យ​ទាំងពួង ត្រូវ​មនុស្ស និង​ទេវតា​ធ្វើសក្ការៈ​ហើយ។ ព្រះ​សម្ពុទ្ធ​ទ្រង់​ញុំាង​ពួក​សត្វ​ឲ្យ​ត្រាស់​ដឹង ទ្រង់​មាន​សំឡេង​ពីរោះ​ផ្សាយ​ទៅ ទ្រង់​មាន​សន្តាន​ជាប់​ដោយ​សេចក្តី​ករុណា ទ្រង់​ក្លៀវក្លា​ក្នុង​ពួក​បរិស័ទ។ ព្រះសម្ពុទ្ធ​ទ្រង់​សម្តែង​ធម៌​ពីរោះ ប្រកបដោយ​សច្ចៈ ៤ ទ្រង់​ស្រង់​ពួក​សត្វ​ដែល​លិច​ចុះ​ក្នុង​ភក់​គឺ​មោហៈ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់