ព្រះ​មហា​វីរៈ ទ្រង់​ញុំាង​បរិស័ទ​ទាំងពួង​ឲ្យ​ត្រេកអរ ដោយ​ព្រះ​ឱស្ឋ​មាន​ក្លិនក្រអូប​ផង ដោយ​ព្រះសូរសៀង​ដ៏​ពីរោះ​ផង ទ្រង់​សរសើរ​សាវ័ក​របស់​ព្រះអង្គ​ថា សាវ័ក​នេះ ជា​សទ្ធាធិមុត្ត មាន​ប្រាជ្ញា​ល្អ មាន​អាល័យ​ក្នុង​ការ​ឃើញ​តថាគត បុគ្គល​ដទៃ​បែបនេះ មិន​មាន​ដូច​វក្ក​លិ​ភិក្ខុ​នេះ​ឡើយ។ កាលនោះ ខ្ញុំ​កើតជា​កូន​របស់​ព្រាហ្មណ៍ នៅក្នុង​ក្រុង​ហង្ស​វតី លុះ​បាន​ស្តាប់​ព្រះពុទ្ធដីកា​នោះ​ហើយ ក៏​ប្រាថ្នា​នូវ​តំណែង​នោះ។ កាលនោះ ខ្ញុំ​និមន្ត​ព្រះ​តថាគត ទ្រង់​មិន​មានមន្ទិល​នោះ ព្រមទាំង​សាវ័ក ឲ្យគង់​ឆាន់​អស់ ៧ ថ្ងៃ ក្រោម​បារាំ​សំពត់។ ខ្ញុំ​ក្រាប​ចុះ​ដោ​យសិរ្សៈ មុជ​ចុះ​ក្នុង​សាគរ គឺ​អនន្តគុណ​របស់​ព្រះអង្គ មាន​បីតិ​ពេញលេញ ទើប​ពោល​ពាក្យ​នេះ​ថា បពិត្រ​ព្រះ​មហាមុនី ឥសី​គឺ​ភិក្ខុ​អង្គ​ណា ជា​សទ្ធាធិមុត្ត ក្នុង​សាសនា​នេះ ដែល​ព្រះអង្គ​សរសើរ​ហើយ​ថា ជា​ច្បង​ជាង​ពួក​ភិក្ខុ​អ្នកមាន​សទ្ធា ខ្ញុំ​ព្រះអង្គ​សូម​បាន​ដូច​ភិក្ខុ​នោះ ក្នុង​កាល​អនាគត។
ថយ | ទំព័រទី ២៩២ | បន្ទាប់