ឯក​ទុស្ស​ទាយ​កត្ថេ​រាប​ទាន ទី២


 [១២] ខ្ញុំ​កើតជា​អ្នកនាំ​ស្មៅ នៅក្នុង​ក្រុង​ហង្ស​វតី ខ្ញុំ​ចិញ្ចឹមជីវិត​ដោយ​ការ​នាំ​ស្មៅ ទាំង​ចិញ្ចឹម​កូន​ប្រពន្ធ ដោយ​ការ​នាំ​ស្មៅ​នោះ។ ព្រះ​ជិន​សិរី ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ដល់ត្រើយ​នៃ​ធម៌​ទាំងពួង ជានា​យក​នៃ​សត្វលោក ទ្រង់​កើតឡើង ញុំាង​ងងឹត​អន្ធការ​ឲ្យ​វិនាស។ ខ្ញុំ​អង្គុយ​នៅក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​គិត​យ៉ាងនេះ​ក្នុងខណៈនោះ​ថា ព្រះពុទ្ធ​ទ្រង់​ត្រាស់​ហើយ​ក្នុង​លោក ទេយ្យធម៌ អាត្មាអញ​មិន​មាន។ អាត្មាអញ​មានតែ​សាដក​មួយ​នេះ (បើ​ថ្វាយ​ទៅ) ពុំ​មាន​អ្នកណាមួយ​ផ្តល់​ឲ្យ​អាត្មាអញ ការ​ពាល់ត្រូវ​នូវ​នរក ជា​ទុក្ខ បើ​យ៉ាងនេះ អាត្មាអញ នឹង​បណ្តុះ​នូវ​ទក្ខិណាទាន។ ខ្ញុំ​លុះ​គិតឃើញ​យ៉ាងនេះ​ហើយ ក៏​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា បាន​យក​សំពត់​មួយ ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ។ លុះ​ថ្វាយ​សំពត់​រួចហើយ ខ្ញុំ​ស្រែក​ហ៊ោ​ឡើង​ថា បពិត្រ​ព្រះ​មហាមុនី មាន​ព្យាយាម បើ​ព្រះអង្គ​ជា​ព្រះពុទ្ធ សូម​ចំឡង​ខ្ញុំ​ព្រះអង្គ​ផង។
ថយ | ទំព័រទី ៤១ | បន្ទាប់