កាលបើ​យ៉ាងនេះ ខ្ញុំ​ចុះទៅ​ក្នុងទឹក ហើយ​ហោះ​ទៅ​ឰដ៏​អាកាស​ទៀត (តែ​ខ្ញុំ​ទៅមុខ​មិន​រួច) ការ​ញុំាង​ឥរិយាបថ​ឲ្យ​កម្រើក​បែបនេះ ខ្ញុំ​មិនធ្លាប់​មាន​ទេ។ (ខ្ញុំ​គិតថា) ធ្វើ​ដូចម្តេច​ហ្ន៎ អាត្មាអញ នឹង​បានដឹង​ហេតុការណ៍​នេះ​អេះ បើ​ដូច្នោះ មានតែ​អា​តា្ម​អញ នឹង​ស្វែងរក​នូវ​ហេតុការណ៍​នោះ។ ខ្ញុំ​ក៏​ចុះ​អំពី​អាកាស បានឮ​នូវ​សំឡេង​នៃ​ព្រះ​សាស្តា ដែល​កំពុង​សម្តែង​នូវ​អនិច្ចតាធម៌ ដោយ​សំឡេង​ដ៏​ពីរោះ គួរ​រីករាយ គួរ​ស្តាប់ ខ្ញុំ​ក៏​ចងចាំ​អនិច្ចតាធម៌​នោះ​ក្នុង​កាលនោះ។ លុះ​ខ្ញុំ​ចងចាំ​នូវ​អនិច្ចសញ្ញា​ហើយ ក៏បាន​ទៅ​ឯអាស្រម​របស់ខ្ញុំ​វិញ ខ្ញុំ​នៅ​ទីនោះ​ដរាប​លុះ​អស់អាយុ ហើយ​ធ្វើ​មរណកាល​ក្នុង​អាស្រម​នោះ។ កាល​ភព​ខាងក្រោយ​កំពុង​ប្រព្រឹត្តទៅ ខ្ញុំ​ក៏​នឹកឃើញ​នូវ​ការ​ស្តាប់​ព្រះ​សទ្ធម្ម ព្រោះ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ព្រោះ​ការ​តាំង​ទុក​នូវ​ចេតនា​នោះ​ផង។ ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស ខ្ញុំ​ត្រេកអរ​ក្នុង​ទេវលោក​អស់ ៣ ម៉ឺន​កប្ប។
ថយ | ទំព័រទី ៥៥ | បន្ទាប់