ខ្ញុំ​យក​ស្រូវ​អំពី​ស្រែ ចូល​ទៅ​រក​ព្រះសម្ពុទ្ធ លុះ​ចូល​ទៅដល់​ព្រះសម្ពុទ្ធ ព្រះអង្គ​ជា​ច្បង​ក្នុង​លោក ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ​ហើយ ក៏​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​សា​សា្ត រួច​ក្រាបទូល​ថា បពិត្រ​ព្រះ​មុនី សំទូង​ថ្មី (របស់ខ្ញុំ) បរិបូណ៌​ហើយ ទាំង​ព្រះអង្គ ក៏​គង់នៅ​ក្នុង​ទីនេះ បពិត្រ​ព្រះអង្គ​មាន​ចក្ខុ សូម​ព្រះអង្គ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ ហើយ​ទទួល​និមន្ត។ ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គួរ​ទទួល​នូវ​គ្រឿងបូជា ព្រះអង្គ​ជ្រាប​នូវ​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ ទ្រង់​សម្តែង​នូវ​ពាក្យ​នេះ​ថា បុគ្គល ៤ ពួក កំពុង​ប្រតិបត្តិ បុគ្គល ៤ ពួក ឋិតនៅ​ក្នុង​ផល។ នេះ​ជា​សង្ឃ​មាន​ព្រះទ័យ​ស្លូតត្រង់ ប្រកបដោយ​បញ្ញា និង​សីលទាន ដែល​មនុស្ស​ទាំងឡាយ​អ្នក​បូជា ជា​សត្វ​ប្រាថ្នា​បុណ្យ កាល​ធ្វើ​នូវ​ការ​សន្សំ​បុណ្យ បាន​ឲ្យហើយ​ចំពោះ​ព្រះសង្ឃ រមែង​មានផល​ច្រើន ឯសំទូង​នៃ​អ្នកនេះ ដែល​អ្នក​គប្បី​ឲ្យ​ចំពោះ​ព្រះសង្ឃ​នោះ ក៏​មានផល​ច្រើន ដូច្នោះ​ដែរ។
ថយ | ទំព័រទី ៥៩ | បន្ទាប់