ខ្ញុំ​តំ​កល់​ទុក​នូវ​ថូ​ទឹក សំពត់​សម្បកឈើ និង​កុណ្ឌី​ទឹក ហើយ​ធ្វើ​សំពត់​ស្បែក​ខ្លា​ឆៀង​ស្មា​ម្ខាង ពោល​សរសើរ​នូវ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ថា បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​ទ្រង់​កំចាត់​បង់​នូវ​ងងឹត​អន្ធការ ដ៏​ដេរដាស​ដោយ​បណ្តាញ គឺ​មោហៈ ទ្រង់​សម្តែង​នូវ​ពន្លឺ​គឺ​ញាណ ព្រះអង្គ​ទ្រង់​ឆ្លង​ទុក្ខ​ផុត​ហើយ ព្រះអង្គ​ទ្រង់​ស្រោចស្រង់​នូវ​លោក​ទាំងអស់​នេះ ដែល​មិនទាន់​រើខ្លួន​រួច ដំណើរ​នៃ​ផែនដី​មានកំណត់​ត្រឹមណា សេចក្តី​ប្រៀបផ្ទឹម​ដោយ​ញាណ​របស់​ព្រះអង្គ មិន​មានកំណត់​ត្រឹមនោះ​ឡើយ។ ព្រះសម្ពុទ្ធ ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ហៅថា​សព្វញ្ញូ សព្វញ្ញូ ព្រោះ​ញាណ​នោះ ខ្ញុំ​សូម​ថ្វាយបង្គំ​នូវ​ព្រះ​សព្វញ្ញូ​អង្គ​នោះ ដែល​មាន​ព្យាយាម​ធំ ទាំង​មិន​មាន​អាសវៈ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ពោល​សរសើរ​នូវ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សរសើរ​នូវ​ព្រះ​ញាណ។
ថយ | ទំព័រទី ៧៩ | បន្ទាប់