នាងឧប្បលវណ្ណា បាំងនូវបាតដៃស្មើចក្រវាឡលើក្បាល ហើយញ៉ាំងគ្រាប់ភ្លៀង មានពណ៌ផ្សេងៗ ឲ្យធ្លាក់ចុះ។ នាងធ្វើផែនដីជាត្បាល់ ធ្វើគ្រួសជាស្រូវ ធ្វើភ្នំសិនេរុជាអង្រែ ដូចក្មេងស្រីបុកស្រូវ។ ខ្ញុំម្ចាស់ឈ្មោះឧប្បលវណ្ណា ជាធីតារបស់ព្រះពុទ្ធដ៏ប្រសើរ ជាអ្នកស្ទាត់ក្នុងអភិញ្ញាទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់ព្រះពុទ្ធអង្គ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំម្ចាស់សូមធ្វើនូវវិកុព្វនឫទ្ធិផ្សេងៗ សម្ដែងថ្វាយព្រះលោកនាយក ហើយប្រកាសនូវនាម និងគោត្រ ទើបថ្វាយបង្គំព្រះបាទាព្រះអង្គ។ បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុឫទ្ធិផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំម្ចាស់ដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុក៏ខ្ញុំម្ចាស់ជម្រះហើយ អាសវៈទាំងអស់ ក៏អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានទៀតទេ។