ព្រះសម្ពុទ្ធ​ប្រសើរ​ជាង​នរជន ទ្រង់​ញ៉ាំង​មគ្គ​ដែល​មិនទាន់​កើត ឲ្យ​កើតឡើង​ផង សម្ដែង​នូវ​មគ្គ​ដែល​មិនទាន់​សម្ដែង​ផង បណ្ដុះ​នូវ​មគ្គ​ដែល​មិនទាន់​បណ្ដុះ​ផង។ ព្រះសម្ពុទ្ធ​ជា​អ្នក​អង់អាច​ជាង​នរជន ព្រះអង្គ​ជ្រាប​នូវ​មគ្គ ត្រាស់​ដឹង​នូវ​មគ្គ ប្រាប់​នូវ​មគ្គ ជា​គ្រូ​ប្រៀនប្រដៅ​ដ៏​ឧត្ដម ប្រសើរ​ជាង​សារថី​ទាំងឡាយ។ ព្រះសម្ពុទ្ធ ព្រះអង្គ​ប្រកបដោយ​ព្រះទ័យ​ករុណា​ដ៏​ធំ ជាទី​ពឹង​នៃ​សត្វលោក ជា​អ្នកដឹកនាំ​សត្វលោក ទ្រង់​សម្ដែងធម៌​ស្រោចស្រង់​នូវ​សត្វ​ទាំងឡាយ ដែល​មុជ​ចុះ​ក្នុង​ភក់​គឺ​កាម។ កាលនោះ ខ្ញុំ​កើត​ក្នុង​ក្រុង​ហង្ស​វតី ឈ្មោះ​ខត្តិ​យនន្ទា ជា​ស្រី​មាន​រូបល្អ ប្រកបដោយ​ទ្រព្យ មានចិត្ត​អាណិតអាសូរ​ចំពោះ​អ្នកដទៃ ជា​ស្រី​មាន​សិរី។ ខ្ញុំ​ជា​ធីតា​នៃ​មហារាជ ព្រះនាម​អានន្ទ ជា​ស្រី​មាន​លំអ​ដ៏​ប្រសើរ ជា​ប្អូនស្រី​មាន​មាតា​ផ្សេងគ្នា នៃ​ព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ។ ខ្ញុំ​ស្អិតស្អាង​ដោយ​គ្រឿង​អាភរណៈ​ទាំងពួង ជាមួយនឹង​ព្រះរាជ​កញ្ញា​ទាំងឡាយ ហើយ​ចូល​ទៅ​គាល់​ព្រះពុទ្ធ ទ្រង់​មាន​ព្យាយាម​ធំ ហើយ​ស្ដាប់ធម៌​ទេសនា។
ថយ | ទំព័រទី ១៤២ | បន្ទាប់