គ្រានោះ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​តាំង​ភិក្ខុនី​នោះ ដែល​មាន​ចក្ខុ​ដូចជា​ទិព្វ ក្នុង​ឋានៈ​ដ៏​ប្រសើរ​ក្នុង​កណ្ដាល​នៃ​បរិស័ទ ៤។ ខ្ញុំ​បាន​ស្ដាប់​ព្យាករណ៍​នោះ​ហើយ ក៏​មានចិត្ត​រីករាយ ថ្វាយ​ទាន​ដល់​ព្រះ​សាស្ដា បូជា​ព្រះសម្ពុទ្ធ ហើយ​ប្រាថ្នា​នូវ​ទិព្វចក្ខុ។ លំដាប់នោះ ព្រះ​សាស្ដា បាន​ត្រាស់​នឹង​ខ្ញុំ​ថា ម្នាល​នា​ងន​ន្ទា នាង​នឹង​បាន​តំណែង​ដែល​នាង​ប្រាថ្នា ឋានៈ​ដែល​នាង​ប្រាថ្នា ដោយ​ប្រពៃ​នុ៎ះ ជា​ផល​នៃ​ធម្មទាន​ដូចជា​ប្រទីប។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្ដា ព្រះនាម​គោតម កើត​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ដឹង​ឡើង​ក្នុង​លោក។ នាង​នឹង​បាន​ជា​ព្រះ​ញាតិ ក្នុង​ធម៌​ទាំងឡាយ​នៃ​ព្រះ​សាស្ដា​នោះ ជា​ឱរស ជា​ធម្ម​និម្មិត ជា​សាវិកា​ព្រះ​សាស្ដា មានឈ្មោះ​ថា សកុ​លា។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។
ថយ | ទំព័រទី ១៤៣ | បន្ទាប់