ខ្ញុំ​ជា​អ្នកមាន​សេចក្ដី​ខ្លាច​ក្នុង​ការ​ឃើញ​ព្រះពុទ្ធ មិន​ហ៊ាន​ចូល​ទៅ​ស្ដាប់​ឱវាទ​សោះ គ្រានោះ ព្រះ​ជិនស្រី​ទ្រង់​ដឹកនាំ​ខ្ញុំ​ទៅកាន់​សំណាក់​របស់​ព្រះអង្គ ដោយ​ឧបាយ។ ព្រះ​ជិនស្រី ទ្រង់​វាងវៃ​ខាង​ផ្លូវ​ឫទ្ធិ បាន​និម្មិត​នូវ​ស្រ្ដី​ភេទ ៣ នាក់ គឺ​ស្រ្ដី​ក្រមុំ មាន​រូបល្អ ស្រដៀងនឹង​ស្រ្ដី​អប្សរ ១ ស្រ្ដី​ចាស់ ១ ស្រ្ដី​ស្លាប់ ១។ លុះ​ខ្ញុំ​បានឃើញ​នូវ​ស្រ្ដី​ទាំង ៣ នោះ​ហើយ ក៏​មាន​សេចក្ដី​សង្វេគ ធុញទ្រាន់​ក្នុង​រាងកាយ មាន​សេចក្ដី​នឿយណាយ​ក្នុង​ភព លំដាប់នោះ ព្រះ​លោកនាយក​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ថា
 ម្នាល​នា​ងន​ន្ទា នាង​ចូរ​រមិលមើល​នូវ​រូប​នេះ ដែល​ក្ដៅក្រហាយ មិន​ស្អាត ស្អុយ ហូរចេញ​ហូរ​ចូល ដែល​ជនពាល​ទាំងឡាយ​ប្រាថ្នា​ក្រៃពេក។ នាង​ចូរ​ចម្រើន​នូវ​ចិត្ត ដែល​មាន​អារម្មណ៍​តែមួយ ជា​ចិត្ត​តម្កល់​មាំ ដោយ​អសុភភាវនា​ចុះ រូប​នេះ​យ៉ាងណា រូប​នៃ​នាង​នុ៎ះ ក៏​យ៉ាង​នុ៎ះ​ដែរ រូប​នៃ​នាង​នុ៎ះ​យ៉ាងណា រូប​នេះ ក៏​យ៉ាងនេះ​ដែរ។
ថយ | ទំព័រទី ២៣១ | បន្ទាប់