កាល​ខ្ញុំ​ពិចារណា​រូប​នុ៎ះ យ៉ាងនេះ​ហើយ ក៏​មិន​មាន​ខ្ជិលច្រអូស ទាំងយប់​ទាំង​ថ្ងៃ លំដាប់នោះ ក៏​នឿយណាយ​ដោយ​បញ្ញា​ជា​របស់​ខ្លួន ខ្ញុំ​នោះ មិន​មាន​សេចក្ដីប្រមាទ ពិចារណា​ក្នុង​ទីនេះ​ដោយ​ឧបាយ ក៏​ឃើញ​កាយ​នេះ ទាំង​ខាងក្នុង ទាំង​ខាងក្រៅ តាម​សភាព​ពិត។ កាលនោះ ខ្ញុំ​នឿយណាយ​ក្នុង​កាយ​ផង ប្រាសចាក​ការ​ត្រេកអរ​នឹង​កាយ ប្រព្រឹត្តទៅ​ខាងក្នុង​ផង ហើយ​ជា​អ្នក​មិន​មាន​សេចក្ដីប្រមាទ អស់​កិលេស​ជា​គ្រឿងផ្សំ ស្ងប់​រម្ងាប់​កិលេស មានទុក្ខ​រលត់​ហើយ។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ជា​អ្នកស្ទាត់ជំនាញ ក្នុង​ឫទ្ធិ​ទាំងឡាយ​ផង ជា​អ្នកស្ទាត់ជំនាញ ក្នុង​សោត​ធាតុ​ដ៏​ជា​ទិព្វ​ផង ជា​អ្នកស្ទាត់ជំនាញ ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេ​និវាស ទិព្វចក្ខុ ខ្ញុំ​ជម្រះ​ស្អាត​ល្អ​ហើយ អាសវៈ​ទាំងពួង​អស់ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ឡើយ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ សេចក្ដី​ដឹង​ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា និង​បដិភាណប្បដិសម្ភិទា​នៃ​ខ្ញុំ​ព្រះអង្គ កើតឡើង​ក្នុង​សំណាក់​នៃ​ព្រះអង្គ។
ថយ | ទំព័រទី ២៣២ | បន្ទាប់