សត្វ​នេះ នឹង​អង្គុយ​នៅ​ទៀប​គល់​នៃ​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ រួចហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ ទ្រង់​សោយ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយក៏​ចូល​ទៅ​ឯគល់​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ​ដែលគេ​ចាត់ចែង​ហើយ។ តអំពី​នោះ​មក ព្រះ​ជិនស្រី​មានយស​ច្រើន ទ្រង់​ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយ​បាន​ត្រាស់​ដឹង​ទៀប​គល់​នៃ​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​នៃ​ព្រះសម្ពុទ្ធ​នេះ នឹង​មាន​ព្រះនាម​ថា​មាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ យក្ស​នេះ​នឹង​បាន​ជា​ព្រះពុទ្ធ ព្រះនាម​គោតម។ ព្រះ​ថេរៈ​ឈ្មោះ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​អានន្ទ នឹងជា​ឧបដ្ឋាក​បម្រើ​ព្រះ​ជិនស្រី​អង្គ​នេះ។ ព្រះ​ថេរី​ឈ្មោះ​ខេមា ១ ឧប្បល​វណ្ណា ១ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវិកា។
ថយ | ទំព័រទី ១០០ | បន្ទាប់