ឈើ​សម្រាប់​ត្រាស់​ដឹង​របស់​ព្រះមានព្រះភាគ​នោះ គេ​ហៅថា អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្តៈ ១ ហត្ថា​ឡវកៈ ១ នឹងជា​អគ្គ​ឧបដ្ឋាក។ ឧបាសិកា​ឈ្មោះ នន្ទ​មាតា ១ ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម​ដ៏​ទ្រង់​យស​អង្គ​នោះ មាន​ព្រះជន្មាយុ ១០០ ឆ្នាំ។ ពួក​មនុស្ស និង​ទេវតា លុះ​បាន​ស្តាប់​ព្រះពុទ្ធដីកា​នេះ របស់​ព្រះ​អនោមទស្សី មិន​មាន​បុគ្គល​ស្មើ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ហើយ ក៏​មានចិត្ត​រីករាយ​ថា យក្ស​នេះ​ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ ពួក​មនុស្ស ព្រមទាំង​ទេវតា មួយ​ហ្មឺន​លោកធាតុ នាំគ្នា​ស្រែក​ហ៊ោ​ផង ទះដៃ​ផង សើច​ផង ធ្វើ​អញ្ជលី​នមស្ការ​ផង​ថា ពួក​យើង​បើនឹង​ឃ្វាង​មគ្គផល ក្នុង​សាសនា​របស់​ព្រះ​លោកនាថ​អង្គ​នេះ គង់​នឹង​បានសម្រេច​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ យ៉ាងណា។
ថយ | ទំព័រទី ១០១ | បន្ទាប់