ព្រះនាង​ខេមា ១ ព្រះនាង​ឧប្បល​វណ្ណា ១ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តាំង​មាំ នឹងជា​អគ្គសាវិកា។ ឈើ​សម្រាប់​ត្រាស់​ដឹង​នៃ​ព្រះមានព្រះភាគ​អង្គ​នោះ ហៅថា​អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្ត​គហបតី ១ ហត្ថា​ឡវក​គហបតី ១ នឹងជា​អគ្គ​ឧបដ្ឋាក។ នាង​នន្ទ​មាតា ១ នាង​ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះជន្មាយុ​នៃ​ព្រះ​គោតម​មានយស​អង្គ​នោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និង​មនុស្ស​ទាំងឡាយ លុះ​បាន​ស្តាប់​នូវ​ព្រះបន្ទូល​នេះ របស់​ព្រះពុទ្ធ​ព្រះ​នាម​បទុមៈ ទ្រង់​ស្វែងរក​នូវ​គុណ​ធំ រក​បុគ្គល​ស្មើ​គ្មាន ក៏​មានចិត្ត​ត្រេកអរ​ថា សត្វ​សីហៈ​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ សំឡេង​ហ៊ោ​ឡើង ក៏​ប្រព្រឹត្តទៅ ឯមនុស្ស ព្រមទាំង​ទេវតា ទាំង​មួយ​ហ្មឺន​លោកធាតុ ក៏​ទះដៃ​សើច ផ្គង​អញ្ជលី​នមស្ការ​ថា បើ​ពួក​យើង​ឃ្វាង​មគ្គផល ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​អង្គ​នេះ ពុំខាន។
ថយ | ទំព័រទី ១០៨ | បន្ទាប់