ពួក​ទេវតា និង​ពួក​ទេពកញ្ញា មានចិត្ត​ជ្រះថ្លា មានចិត្ត​ត្រេកអរ បូជា​ព្រះសម្ពុទ្ធ ទ្រង់​ប្រសើរ​ជាង​នរៈ ដោយ​ផ្កា​មាន​ពណ៌ ៥។ ពួក​ទេវតា​ទាំងឡាយ មានចិត្ត​ជ្រះថ្លា មានចិត្ត​ត្រេកអរ ឃើញ​ព្រះអង្គ ក៏​នាំគ្នា​បូជា​ព្រះសម្ពុទ្ធ ទ្រង់​ប្រសើរ​ជាង​នរៈ ដោយ​ផ្កា​មាន​ពណ៌ ៥ (ហើយ​ពោល​ថា) ឱហ្ន៎! អស្ចារ្យ​ចម្លែក​ណាស់ គួរឲ្យ​ព្រឺរោម​ក្នុង​លោក ឯសេចក្តី​អស្ចារ្យ​គួរឲ្យ​ព្រឺរោម​បែបនេះ មិនដែល​កើតឡើង​សោះ​ឡើយ។ ពួក​ទេវតា​ទាំងនោះ អង្គុយ​ក្នុង​ភព​របស់​ខ្លួនៗ រីករាយ​ខ្លាំង ព្រោះ​ឃើញ​នូវ​សេចក្តី​អស្ចារ្យ​ឰដ៏​អាកាស។ ពួក​អាកាសដ្ឋក​ទេវតា ពួក​ភុម្ម​ដ្ឋ​កទេវតា និង​ពួក​ទេវតា​ដែល​នៅ​អាស្រ័យ​ឰដ៏​ស្មៅ និង​ឈើ​ជា​ថ្នាំ ត្រេកអរ​ស្រស់ស្រាយ រីករាយ​ខ្លាំង នាំគ្នា​ផ្គង​អញ្ជលី​នមស្ការ។ ទាំង​ពួក​នាគ​ដែល​មាន​អាយុវែង មានបុណ្យ​ច្រើន មាន​ឫទ្ធិ​ច្រើន ក៏​រីករាយ ថ្វាយបង្គំ​បូជា​ព្រះពុទ្ធ​ដ៏​ខ្ពង់ខ្ពស់​ជាង​នរៈ​ដែរ។
ថយ | ទំព័រទី ១១ | បន្ទាប់