រស្មី​ព្រះចន្ទ្រ រស្មី​ព្រះអាទិត្យ រស្មី​កែវ​មុនី រស្មី​ទាំងអស់​នោះ ក៏​សាបសូន្យ​ទៅ ព្រោះ​ប៉ះ​នឹង​ពន្លឺ​របស់​ព្រះ​ជិនស្រី​ដ៏​ឧត្តម។ ព្រះជន្មាយុ (របស់​ព្រះ​មហាមុនី​នោះ) មួយ​សែន​ឆ្នាំ ជា​កំណត់ ព្រះ​មហាមុនី​អង្គ​នោះ កាល​ទ្រង់ព្រះ​ជន្ម​នៅ​ដរាប​នោះ ទ្រង់​ញ៉ាំង​ប្រជុំជន​ច្រើន ឲ្យ​ឆ្លង (ចាក​សង្សារ)។ ព្រះ​មហាមុនី​អង្គ​នោះ ទ្រង់​ញ៉ាំង​សត្វ​ដែល​មាន​ឥន្ទ្រិយ​ចាស់​ក្លា ឲ្យ​ត្រាស់​ដឹង មិន​មាន​សេសសល់ ទ្រង់​ប្រៀនប្រដៅ​សត្វ​ទាំងឡាយ ដែល​សេសសល់ ទ្រង់​បរិនិព្វាន​ទៅជាមួយ​នឹង​សាវ័ក។ ព្រះ​មហាមុនី​អង្គ​នោះ ទ្រង់​លះបង់​នូវ​សង្ខារ​ទាំងពួង ដូចជា​ពស់​ដែល​លះបង់​នូវ​សំណក​ចាស់ ឬដូច​ជាដើម​ឈើ​ជម្រុះ​នូវ​ស្លឹក​ចាស់ ហើយ​ទ្រង់​បរិនិព្វាន​ទៅ ដូចជា​អណ្តាត​ប្រទីប​ដូច្នោះ។ ព្រះ​សាស្តា​ព្រះ​នាម​បទុមៈ ជា​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ទ្រង់​បរិនិព្វាន​ក្នុង​ធម្មា​រាម មាន​ព្រះធាតុ​ផ្សាយ​ទៅ ក្នុង​ប្រទេស​នោះៗ។

ចប់ បទុម​ពុទ្ធវង្ស ទី៨។

ថយ | ទំព័រទី ១១១ | បន្ទាប់