នាគរាជ​ឈ្មោះ​វេ​រោចនៈ បាន​ថ្វាយ​ទាន​ដល់​ព្រះ​សាស្តា ក្នុង​កាលណា កាលនោះ ពួក​សាវ័ក​ជា​បុត្រ​នៃ​ព្រះ​ជិនស្រី ប្រមាណ ៨០ សែន បាន​មក​ប្រជុំ​គ្នា (នេះ​ជា​សន្និបាត​លើក​ទី ៣)។ សម័យ​នោះ តថាគត​ជា​តាបស មាន​ផ្នួងសក់ មាន​ព្យាយាម​ក្លៀវក្លា បាន​ដល់ត្រើយ​នៃ​អភិញ្ញា​ទាំង ៥ ត្រាច់​ទៅតាម​អាកាស​បាន។ គ្រានោះ តថាគត​បាន​ញ៉ាំង​ព្រះសម្ពុទ្ធ ដែល​ស្មើដោយ​ព្រះពុទ្ធ មិន​មាន​បុគ្គល​ស្មើ ព្រមទាំង​ព្រះសង្ឃ និង​ជន​ជា​បរិស័ទ ឲ្យ​ឆ្អែត​ស្កប់ស្កល់ ដោយ​បាយ និង​ទឹក ហើយ​បូជា​ដោយ​ខ្លឹមចន្ទន៍។ គ្រានោះ ព្រះ​នារ​ទៈ ជា​លោកនាយក​អង្គ​នោះ ទ្រង់​បាន​ព្យាករ​តថាគត​ថា ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ​ទៅ តាបស​នេះ នឹង​បាន​ជា​ព្រះពុទ្ធ​ក្នុង​លោក។ សត្វ​នេះ នឹង​ចេញ​ចាក​ក្រុង​កបិលពស្តុ ជាទី​ត្រេកអរ តម្កល់​នូវ​សេចក្តី​ព្យាយាម ហើយ​ធ្វើ​ទុក្ករកិរិយា។ សត្វ​នេះ នឹង​គង់​ទៀប​គល់​នៃ​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ រួច​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។
ថយ | ទំព័រទី ១១៤ | បន្ទាប់