ឈើ​សម្រាប់​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​អង្គ​នោះ ហៅថា​អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្ត​គហបតី ១ ឈ្មោះ​ហត្ថា​ឡវក​គហបតី ១ នឹងជា​អគ្គ​ឧបដ្ឋាក។ នាង​នន្ទ​មាតា ១ នាង​ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះជន្មាយុ​របស់​ព្រះ​គោតម​មានយស​អង្គ​នោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និង​មនុស្ស​ទាំងឡាយ លុះ​បាន​ស្តាប់​ព្រះបន្ទូល​នេះ របស់​ព្រះសម្ពុទ្ធ ព្រះអង្គ​មិន​មាន​បុគ្គល​ស្មើ ទ្រង់​ស្វែងរក​នូវ​គុណ​ធំ ក៏​ត្រេកអរ​ថា ជដិល​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ សំឡេង​ហ៊ោ ក៏​ប្រព្រឹត្តទៅ មនុស្ស ព្រមទាំង​ទេវតា​ទាំង​មួយ​ម៉ឺន​លោកធាតុ ក៏​ទះដៃ សើច​ក្អាកក្អាយ ធ្វើ​អញ្ជលី នមស្ការ​ថា បើ​ពួក​យើង​នឹង​ឃ្វាង​មគ្គផល ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​អង្គ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​អង្គ​នេះ។ មនុស្ស​ទាំងឡាយ កាល​ឆ្លងស្ទឹង បើ​ឃ្វាង​នូវ​កំពង់​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​បាន​ដែរ យ៉ាងណាមិញ។
ថយ | ទំព័រទី ១១៦ | បន្ទាប់