បើ​យើង​ទាំងអស់គ្នា ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​គង់​នឹង​បានសម្រេច ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​អង្គ​នេះ ក៏​យ៉ាងនោះ​ដែរ។ តថាគត​បានឮ​ព្រះពុទ្ធដីកា​នៃ​ព្រះពុទ្ធអង្គ​នោះ​ហើយ ក៏​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ដោយ​ក្រៃលែង បាន​អធិដ្ឋាន​នូវ​វត្ត​ដ៏​លើសលុប ដោយ​ការ​បំពេញ​នូវ​បារមី​ទាំង ១០។ ព្រះពុទ្ធ ព្រះនាម​នារ​ទៈ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​នគរ ឈ្មោះ​ធញ្ញ​វតី មហាក្សត្រ​ព្រះនាម​សុ​ទេវៈ ជា​ព្រះបិតា ព្រះមាតា​ព្រះនាម​អនោមា។ ព្រះ​នារ​ទៈ​នោះ នៅ​គ្រប់គ្រង​ផ្ទះ អស់ ៩ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ​មាន ៣ ខ្នង គឺ​ជិត​ប្រាសាទ ១ វិជិត​ប្រាសាទ ១ អភិរាម​ប្រាសាទ ១។ មាន​នារី ៣ - ៤ ពាន់​រូប សុទ្ធសឹង​ស្អិតស្អាង​ល្អ ព្រះ​នារី (ដែល​ជា​អគ្គមហេសី) នោះ ព្រះនាម​វិជិត​សេនា ឯព្រះរាជបុត្រ​ព្រះ​នា​មន​ន្ទុ​ត្ត​រៈ។ ព្រះពុទ្ធ ជា​បុរស​រត្ន​ដ៏​ប្រសើរ ទ្រង់ទត​ឃើញ​នូវ​និមិត្ត​ទាំង ៤ ហើយ​ស្តេច​ចេញ​មហាភិនិស្ក្រម ដោយ​ការ​យាង​ទៅ​ដោយ​ព្រះបាទ​ផ្ទាល់ ហើយ​ទ្រង់​ប្រព្រឹត្ត​ព្យាយាម អស់ ៧ ថ្ងៃ។
ថយ | ទំព័រទី ១១៧ | បន្ទាប់