លោក​ទាំងឡាយ​ចូរ​មក យើង​ទាំងអស់គ្នា នឹង​ទៅ​សាកសួរ​ព្រះ​ជិនស្រី បាន​ចួប​ព្រះ​លោកនាយក​ហើយ នឹង​បន្ទោបង់​នូវ​សេចក្តី​សង្ស័យ។ ឯ​ពួក​ភិក្ខុ​ទាំងនោះ ជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា សង្រួម​ឥន្ទ្រិយ ក៏​ទទួលព្រម​ថា សាធុ ហើយ​ប្រដាប់​បាត្រ និង​ចីវរ ដើរទៅ​ជា​ប្រញាប់។ ព្រះ​សារីបុត្រ​មាន​ប្រាជ្ញា​ច្រើន (ឋិតនៅ) ក្នុង​ការ​ទូន្មាន​ដ៏​ឧត្តម ក៏​ចូល​ទៅ​រក (ព្រះមានព្រះភាគ) ដោយ​ឫទ្ធិ ជាមួយនឹង​ព្រះ​ខីណាស្រព​ទាំងឡាយ ដែល​ជា​អ្នក​ប្រាសចាក​មន្ទិល មាន​ឥន្ទ្រិយ​ទូន្មាន។ ព្រះ​សារីបុត្រ ដែល​មាន​ពួក​ភិក្ខុ​ទាំងនោះ​ហែហម ជា​អ្នកមាន​ពួក​ដ៏​ធំ ចូល​ទៅ​ដោយ​ឫទ្ធិ ដូច​ទេវតា​កាល​លេងសប្បាយ​ឰដ៏​អាកាស។ ពួក​ភិក្ខុ​ទាំងនោះ ជា​អ្នកមាន​វត្ត​ល្អ ប្រកបដោយ​សេចក្តី​គោរព ប្រកបដោយ​សេចក្តី​កោតក្រែង អត់ទ្រាំ​នូវ​ការ​ក្អក និង​កណ្តាស់ ចូល​គាល់​ព្រះសម្ពុទ្ធ។ លុះ​ចូល​ទៅ​គាល់​ហើយ ក៏បាន​ឃើញ​ព្រះសយម្ភូ ជា​លោកនាយក មាន​ព្យាយាម ទ្រង់​ហោះ​ទៅ​ឰដ៏​អាកាស ហាក់ដូចជា​ព្រះចន្ទ្រ​នា​កណ្តាល​អាកាស។
ថយ | ទំព័រទី ១៥ | បន្ទាប់