តថាគតកាន់ផ្កានោះ បំាងលើព្រះសិរ្សៈ នៃព្រះជិនស្រី ព្រះនាមតិស្សៈ ជាលោកគ្គនាយក ដែលមានបរិស័ទ ៤(១) ចោមរោម។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់កណ្តាលប្រជុំជន ហើយព្យាករតថាគតកាលនោះថា ក្នុងកប្បទី ៩២ អំពីមណ្ឌកប្បនេះទៅ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីបូរីឈ្មោះកបិលពស្តុ ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសត្រង់ទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។
(១) បានដល់ខត្តិយបរិស័ទ ១ ព្រាហ្មណបរិស័ទ ១ គហបតិបរិស័ទ ១ សមណបរិស័ទ ១។ អដ្ឋកថា។