កាលដែល​តថាគត នៅជា​ទេវបុត្រ​ឈ្មោះ សន្តុសិតៈ ក្នុង​ពួក​ទេវបុត្រ​ជាន់​តុសិត កាលនោះ ទេវតា​មួយ​ម៉ឺន​លោកធាតុ មក​ប្រជុំ​គ្នា ធ្វើ​អញ្ជលី​អារាធនា​តថាគត​ថា បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ កាល​នេះ​គួរ​ដល់​ព្រះអង្គ​ហើយ សូម​ព្រះអង្គ​ទ្រង់​កើត​ក្នុង​ផ្ទៃ​នៃ​ព្រះមាតា ចម្លង​មនុស្សលោក ព្រមទាំង​ទេវលោក សូម​ទ្រង់​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន​ឈ្មោះ​អមតៈ។ កាលណា តថាគត​ច្យុត​ចាក​ពួក​ទេវតា​ជាន់​តុសិត មក​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ (នៃ​មាតា) កាលនោះ លោកធាតុ​មួយ​ម៉ឺន និង​ព្រះធរណី​ញាប់ញ័រ។ កាលដែល​តថាគត​ប្រសូត​ចាក​ផ្ទៃ​មាតា ក៏​ដឹងខ្លួន​ច្បាស់លាស់ ពួក​ទេវតា​ញ៉ាំង​សាធុការ​ឲ្យ​ប្រព្រឹត្តទៅ លោកធាតុ​មួយ​ម៉ឺន​ញាប់ញ័រ។ តថាគត​មិន​មាន​បុគ្គល​ស្មើ ក្នុង​ការ​ចុះ​កាន់​គភ៌​ព្រះមាតា​នៃ​តថាគត ជា​បុគ្គល​ប្រសើរ​បំផុត ក្នុង​ការ​ប្រសូតិ​ចាក​ផ្ទៃ​មាតា ក្នុង​ការ​ត្រាស់​ដឹង និង​ការ​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ។ ឱ! ព្រះពុទ្ធ​ទាំងឡាយ​មានគុណ​ដ៏​ធំ​ជា​អស្ចារ្យ​ក្នុង​លោក​ពេក​ណាស់ លោកធាតុ​មួយ​ម៉ឺន​ញាប់ញ័រ អស់​វារៈ ៦ លើក។
ថយ | ទំព័រទី ១៨ | បន្ទាប់