លុះចូលទៅដល់ហើយ ក៏និមន្តព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក ហើយថ្វាយតាំងមាស ដែលដាំដោយកែវមណី និងកែវមុក្តា ដ៏ស្អិតស្អាង ហើយដោយអាភរណៈគ្រប់យ៉ាង ដល់ព្រះអង្គជាធម្មរាជ។ ព្រះពុទ្ធជាម្ចាស់នោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ហើយព្យាករតថាគតថា ក្នុងកប្បទី ៩១ អំពីមណ្ឌកប្បនេះ ស្តេចនាគនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីកបិលពស្តុបុរី ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។