ពន្លឺ​ដ៏​ធំ​ក៏​កើតមាន ទាំង​សេចក្តី​អស្ចារ្យ គួរ​ព្រឺរោម​ក៏​កើតឡើង។ សម័យ​នោះ ព្រះ​ជិនស្រី​មាន​ព្រះ​ភាគ ជាចម្បង​ក្នុង​លោក ប្រសើរ​ជាង​នរៈ ទ្រង់​ចង្ក្រម​បង្ហាញ​ឲ្យ​មនុស្សលោក ព្រមទាំង​ទេវលោក មើលឃើញ​ដោយ​ឫទ្ធិ។ ព្រះ​លោកនាយក ចង្ក្រម​ក្នុង​ទី​ចង្ក្រម ទ្រង់​មាន​ព្រះបន្ទូល ទ្រង់​មិន​ត្រឡប់​វិញ ត្រង់​ពាក់កណ្តាល ហាក់ដូចជា​ចង្ក្រម​ក្នុង​ទី​ចង្ក្រម​ប្រវែង ៤ ហត្ថ។ ព្រះ​សារីបុត្រ​មាន​ប្រាជ្ញា​ច្រើន ឆ្លៀវឆ្លាស​ក្នុង​សមាធិ និង​ឈាន ជា​អ្នក​ដល់​នូវ​បារមី​នៃ​ប្រាជ្ញា បាន​ក្រាបបង្គំទូល​សួរ​ព្រះ​លោកនាយក​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ទ្រង់​ប្រសើរ​ជាង​នរៈ អភិនីហារ​របស់​ព្រះអង្គ តើ​ដូចម្តេច បពិត្រ​ព្រះអង្គ​មាន​ព្យាយាម ពោធិញ្ញាណ​ដ៏​ខ្ពង់ខ្ពស់ ព្រះអង្គ​ប្រាថ្នា​តាំងពី​ក្នុង​កាលណា។ ទាន សីល នេក្ខម្មៈ បញ្ញា និង​វីរិយៈ តើ​ដូចម្តេច ខន្តិ សច្ចៈ និង​អធិដ្ឋាន មេត្តា និង​ឧបេក្ខា តើ​ដូចម្តេច។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ជា​លោកនាយក បារមី ១០ តើ​ដូចម្តេច ឧប​បារមី ១០ ដែល​បរិបូណ៌ តើ​ដូចម្តេច បរមត្ថ​បារមី ១០ ដែល​បរិបូណ៌ តើ​ដូចម្តេច។
ថយ | ទំព័រទី ១៩ | បន្ទាប់