បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ តថាគត បានស្តាប់នូវព្រះពុទ្ធដីកា នៃព្រះសាស្តានោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការបំពេញបារមីទាំង ១០។ ព្រះវេស្សភូសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះអនោមៈ មានព្រះមហាក្សត្រ ព្រះនាមសុប្បតិតៈ ជាព្រះបិតា មានព្រះមាតាព្រះនាមយសវតី។ ព្រះអង្គគង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺរុចិប្រាសាទ ១ សុរតិប្រាសាទ ១ វឌ្ឍកប្រាសាទ ១។