សាវ័កសមាគមក្នុងកាលនោះ មានពួកព្រះខីណាស្រព ៤ ម៉ឺន ដែលដល់នូវទន្តភូមិ (ភូមិនៃបុគ្គលអ្នកមានខ្លួនទូន្មានហើយ) ព្រោះអស់ទៅនៃកិលេសមានអាសវៈជាដើម។ សម័យនោះ តថាគតជាក្សត្រឈ្មោះខេមៈ បានថ្វាយទានដ៏ច្រើនចំពោះព្រះតថាគត និងព្រះសង្ឃជាជិនបុត្ត។ តថាគតបានចាត់ចែងថ្វាយបាត្រ ចីវរ ថ្នាំបន្តក់ និងដើមឈើអែម ទាំងអស់នេះ ជារបស់ប្រសើរក្រៃពេក ដែលតថាគតប្រាថ្នាហើយ។ ព្រះមុនីកក្កុសន្ធៈ ជានាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងភទ្ទកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។