យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងអនាគតកាល ក៏យ៉ាងនោះដែរ។ តថាគត ស្តាប់ព្រះពុទ្ធដីកានៃព្រះសម្ពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការបំពេញនូវបារមីទាំង ១០។ តថាគតប្រសើរជាងជន កាលស្វែងរកសព្វញ្ញុតញ្ញាណ បានឲ្យទាន លះបង់រាជសម្បត្តិដ៏ធំ ហើយបួសក្នុងសំណាក់ព្រះជិនស្រី។ មាននគរឈ្មោះសោភវតី ក្សត្រព្រះនាមសោភៈ ត្រកូលធំរបស់ព្រះពុទ្ធនៅក្នុងនគរនោះ។ ព្រាហ្មណ៍ឈ្មោះយញ្ញទត្ត (ជាព្រះបិតា) នាងឧត្តរា ជាព្រះមាតារបស់ព្រះសម្ពុទ្ធ ព្រះនាមកោនាគមនៈ ជាសាស្តានោះ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៣ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺតុសិតប្រាសាទ ១ សន្តុសិតប្រាសាទ ១ សន្តុដ្ឋប្រាសាទ ១។