ទាំង​ជា​នគរ​គឹកកង​ដោយ​សំឡេង ដែល​ប្រកបដោយ​បាយ និង​ទឹក​ថា ចូរ​ស៊ី ចូរ​ផឹក ជា​នគរ​សម្បូណ៌​ដោយ​សត្វ និង​គ្រឿងឧបករណ៍​ទាំងពួង បរិបូណ៌​ដោយ​ការងារ​គ្រប់យ៉ាង។ បរិបូណ៌​ដោយ​កែវ ៧ ប្រការ កុះករ​ដោយ​ជន​ជា​តិ​ផ្សេងៗ សម្រេច (ដោយ​គ្រឿង​បរិភោគ និង​ឧបភោគ​ទាំងពួង) ដូចជា​នគរ​នៃ​ទេវតា ជាទី​នៅ​នៃ​ជន​អ្នកមាន​បុណ្យ​ទាំងឡាយ។ វេលា​នោះ មាន​សុមេធ​ព្រាហ្មណ៍ នៅក្នុង​នគរ​អមរ​វតី ជា​អ្នក​សន្សំ​នូវ​ទ្រព្យ​ដ៏​ច្រើន​កោដិ មានទ្រព្យ និង​ស្រូវ​ច្រើន។ ជា​អ្នករៀន​មន្ត ចងចាំ​នូវ​មន្ត ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង ៣ ដល់​នូវ​បារមី​ក្នុង​លក្ខណៈ​ផង ក្នុង​គម្ពីរ​ឥតិ​ហា​សៈ​ផង ក្នុង​ធម៌​របស់​ព្រាហ្មណ៍​ផង។ កាលនោះ តថាគត​នៅក្នុង​ទីស្ងាត់ ក៏​គិត​យ៉ាងនេះ​ថា ធម្មតា​ភព​ថ្មីទៀត តែង​នាំមក​នូវ​សេចក្តី​ទុក្ខ ការ​បែកធ្លាយ​សរីរៈ ក៏​នាំមក​នូវ​សេចក្តី​ទុក្ខ​ដូចគ្នា (សេចក្តី​ស្លាប់​ប្រកបដោយ​មោហៈ នាំមក​នូវ​ទុក្ខ រូប​ដែល​ជរា​ញាំញី​ហើយ ក៏​នាំមក​នូវ​ទុក្ខ) អាត្មាអញ មាន​ជាតិ​ជា​ធម្មតា មាន​ជរា​ជា​ធម្មតា មាន​ព្យាធិ​ជា​ធម្មតា អាត្មាអញ​នឹង​ស្វែងរក​ព្រះនិព្វាន ដែល​មិន​ចាស់ មិន​ស្លាប់ ជាទី​ក្សេមក្សាន្ត។
ថយ | ទំព័រទី ២២ | បន្ទាប់