កាលបើ​ស្រះ គឺ​ព្រះនិព្វាន​មាន​ហើយ បុគ្គល​មិន​ស្វែងរក​ស្រះ សម្រាប់​លាង​នូវ​កិលេស​ជា​មន្ទិល​ចេញ​ទេ ទោស​នោះ មិនមែន​ជា​ទោស​នៃ​ស្រះ គឺ​ព្រះនិព្វាន​ទេ គឺជា​ទោស​របស់​បុរស ក៏​យ៉ាងនោះ​ដែរ។ បុរស​ដែល​ត្រូវ​សត្រូវ​ទាំងឡាយ​ចោមព័ទ្ធ​ហើយ កាលបើ​ផ្លូវ​សម្រាប់​រត់​ទៅ មាន តែ​បុរស​នោះ មិន​រត់​ទៅ ទោស​នោះ​មិនមែន​ជា​ទោស​នៃ​ផ្លូវ​ទេ យ៉ាងណា បុគ្គល​ត្រូវ​កិលេស​រួបរឹត​ហើយ កាលបើ​ផ្លូវ​ព្រះនិព្វាន​មាន តែ​មិន​ស្វែងរក​ផ្លូវ​នោះ ទោស​នោះ​មិនមែន​ជា​ទោស​នៃ​ផ្លូវ​និព្វាន​ទេ គឺជា​ទោស​របស់​បុគ្គល​នោះ​ឯង យ៉ាងនោះ​ដែរ។ បុរស​ដែល​មាន​ជំងឺ កាលបើ​ពេទ្យ​មាន តែ​មិន​ឲ្យ​ពេទ្យ​នោះ​ព្យាបាល​ជំងឺ​នោះ​ទេ ទោស​នោះ មិនមែន​ជា​ទោស​នៃ​ពេទ្យ​ទេ យ៉ាងណា បុគ្គល​ត្រូវ​ជំងឺ គឺ​កិលេស​ទាំងឡាយ​បៀតបៀន​ហើយ ដល់​នូវ​សេចក្តី​ទុក្ខ មិន​ស្វះស្វែង​រក​អាចារ្យ ទោស​នោះ មិនមែន​ជា​ទោស​នៃ​អាចារ្យ​ទេ គឺជា​ទោស​របស់​បុគ្គល​នោះ​ឯង យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ២៤ | បន្ទាប់