ព្រាហ្មណ៍​ទាំងឡាយ សូម​ដំរី​ណា ចំពោះ​តថាគត តថាគត​ឲ្យ​ដំរី​នោះ ឥត​ញាប់ញ័រ​ឡើយ តថាគត​មិន​លាក់លៀម​នូវ​ទេយ្យធម៌​ដែល​មាន ព្រោះ​ចិត្ត​របស់​តថាគត​ត្រេកអរ​ក្នុង​ទាន។ កាលបើ​យាចក​មកដល់​ហើយ ការ​ប្រកែក​ក៏​មិន​សមគួរ​ដល់​តថាគត ការ​សមាទាន​របស់​តថាគត កុំបី​បែកធ្លាយ​ឡើយ​ដូច្នេះ តថាគត​នឹង​ឲ្យ​ដំរី​ប្រសើរ។ តថាគត​ចាប់​ដំរី​ត្រង់​ប្រមោយ រួច​ច្រួចទឹក​ក្នុង​កណ្ឌី ជា​វិការៈ​នៃ​កែវ ដាក់លើ​ដៃ​ព្រាហ្មណ៍ ហើយ​ឲ្យ​ដំរី​ដល់​ព្រាហ្មណ៍។ កាល​តថាគត​ឲ្យ​ដំរី​ដ៏​ឧត្តម​សសុទ្ធ​ដទៃទៀត ក្នុង​កាលនោះ មហាប្រឹថពី​ដែល​មាន​ភ្នំ​សិនេរុ និង​ព្រៃ​ជា​គ្រឿងប្រដាប់ ក៏​ញាប់ញ័រ។ ព្រោះតែ​ការ​ឲ្យ​នូវ​ដំរី​នោះ ជាហេតុ​ឲ្យ​ពួក​អ្នក​ដែន​សិវិ​ខឹង​ខ្លាំង ក៏​មក​ប្រជុំ​គ្នា ហើយ​បណ្តេញ​តថាគត​ចាក​ដែន​របស់​ខ្លួន ដោយ​ពាក្យ​ថា សូម​ព្រះអង្គ​ទៅ​នៅ​វង្កតបព៌ត​ទៅ។ កាល​ពួក​អ្នក​ដែន​សិវិ​នោះ បណ្តេញ​តថាគត​អោយ​ចេញ​ចាក​ដែន ចិត្ត​របស់​តថាគត​មិន​ញាប់ញ័រ មិន​តក់ស្លុត​ទេ តថាគត​បាន​សូមពរ​មួយ​ដ៏​ប្រសើរ នឹង​ជន​ទាំងនោះ ដើម្បី​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ។
ថយ | ទំព័រទី ២៥៦ | បន្ទាប់