ម្ចាស់​ទូក​ទាំងឡាយ តែង​លះបង់​ទូក​ចាស់ ដែល​ពុក​ផុយ លេច​ចូល​ទឹក ឥតមាន​អាឡោះអាល័យ ឥត​ត្រូវការ​វិញ យ៉ាងណាមិញ អាត្មាអញ​នឹង​លះបង់​នូវ​កាយ​នេះ ដែល​មាន​រន្ធ ៩ ហូរ​ជានិច្ច ហើយ​ចេញទៅ ដូចជា​ម្ចាស់​ទូក លះ​ចោល​ទូក​ចាស់ ដូច្នោះឯង។ បុរស​កាល​ដើរទៅ​ជាមួយនឹង​ពួក​ចោរ យក​ទ្រព្យ​ជាប់​ទៅ​ផង ឃើញ​ភ័យ​អំពី​ការខូចខាត​ទ្រព្យ ក៏​លះបង់​ហើយ​ដើរទៅ យ៉ាងណា កាយ​នេះ ក៏​មាន​ឧបមា​ស្មើដោយ​មហាចោរ អាត្មាអញ​នឹង​លះបង់​កាយ​នេះ​ចេញ ព្រោះ​ខ្លាច​ខូចខាត​កុសលធម៌ យ៉ាងនោះ​ដែរ។ លុះ​តថាគត​គិតឃើញ​យ៉ាងនេះ​ហើយ ក៏​ឲ្យ​ទ្រព្យ​ជាច្រើន​រយ​កោដិ ដល់​ពួក​ជន​ដែល​មាន​ទីពឹង និង​ពួក​ជន​ដែល​ឥត​ទីពឹង ហើយ​ចូល​ទៅកាន់​ព្រៃ​ហិមពាន្ត។ មាន​ភ្នំ​មួយ​ឈ្មោះ​ធម្មិក នៅ​ជិត​ព្រៃ​ហិមពាន្ត តថាគត​ធ្វើ​អាស្រម សាង​បណ្ណសាលា​ក្បែរ​ភ្នំ​នោះ។ តថាគត​និម្មិត​នូវ​ទី​ចង្ក្រម ដែល​ប្រាសចាក​ទោស ៥ ប្រការ នៅ​ក្បែរ​អាស្រមបទ​នោះ នាំមក​នូវ​អភិញ្ញា​ពលៈ ដែល​ប្រកបដោយ​គុណ ៨ ប្រការ។
ថយ | ទំព័រទី ២៦ | បន្ទាប់