ចូរ​លោកតា ដុតភ្លើង​ឲ្យ​ឆេះ​ខ្លាំង​ឡើង ខ្ញុំ​នឹង​លោត​ពីដើម​ឈើ​នេះ ទម្លាក់​ទៅ (ក្នុង​ភ្លើង​នោះ) បពិត្រ​ជីតា បើ​លោកតា​ដឹង​នូវ​កាល​នៃ​សាច់​នោះ​ឆ្អិន​ល្អ​ហើយ ចូរ​បរិភោគ​សាច់​នោះ​ចុះ។ ព្រោះ​ហេតុ​បិតា​មាន​សីល ដូច​រៀបរាប់​មកនេះ តថាគត​មិន​រក្សា​ជីវិត​របស់​តថាគត​ទេ តថាគត​ញ៉ាំង​បោរិ​សាទ ជា​អ្នកធ្វើ​អំពើ​បាណាតិបាត ឲ្យ​វៀរបង់​អំពើអាក្រក់​សព្វកាល។

ចប់ ជយ​ទិស​ចរិយា ទី៩។


សង្ខ​បាល​ចរិយា ទី១០


 [២០] មាន​ចរិយា​ដទៃទៀត កាល​តថាគត​កើតជា​ស្តេច​នាគ ឈ្មោះ​សង្ខ​បាល មាន​ឫទ្ធិ​ច្រើន មាន​ចង្កូម​ជា​អាវុធ មានពិស​ដ៏​ពន្លឹក មាន​អណ្តាត​ពីរ ជា​សត្វ​គ្រប​សង្កត់​ឧរគជាតិ។ តថាគត​អធិដ្ឋាន​អង្គ​ទាំង ៤ ជិត​ផ្លូវ​ធំ ៤ ជា​កន្លែង​ទៅមក​នៃ​ជន​ផ្សេងៗ ហើយ​សម្រេច​នូវ​ការ​នៅ ក្នុង​ទីនោះ។ បុគ្គល​ណា​មាន​កិច្ច​គួរ​ធ្វើ​ដោយ​អវយវៈ​នេះ គឺ​សម្បុរថ្ងៃ ស្បែក សាច់ សរសៃ និង​ឆ្អឹង បុគ្គល​នោះ ចូរ​នាំ​យក​អវយវៈ​ដែល​អញ​ឲ្យហើយ​ចុះ។ កូន​ព្រានព្រៃ​ទាំងឡាយ ជា​មនុស្ស​រឹងត្អឹង អាក្រក់ ឥតមាន​សេចក្តី​អាណិតអាសូរ មាន​ដំបង ៤ ជ្រុង ក្នុង​ដៃ បានឃើញ​តថាគត ហើយ​ដើរចូល​មក​ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៨២ | បន្ទាប់