កាល​តថាគត​ដេក​លើ​ផែនដី ក៏​មាន​សេចក្តី​ត្រិះរិះ​ដោយចិត្ត​យ៉ាងនេះ​ថា បើ​អាត្មាអញ​ប្រាថ្នា​ដុត​កិលេស​ទាំងឡាយ របស់​អញ ក្នុងថ្ងៃនេះ​ក៏បាន។ តែថា​ប្រយោជន៍អ្វី អាត្មាអញ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌ ដោយ​ភេទ​ដែលគេ​មិន​ស្គាល់ ក្នុង​ទីនេះ អាត្មាអញ​គប្បី​ដល់​នូវ​សព្វញ្ញុតញ្ញាណ ជា​អ្នក​រួច​ស្រឡះ​ចាក​កិលេស ញ៉ាំង​លោក ព្រមទាំង​ទេវលោក ឲ្យ​រួច​រដោះ (ចាក​សង្សារ)។ ប្រយោជន៍អ្វី អាត្មាអញ​ជា​បុរស សម្តែង​កម្លាំង​ឆ្លង​ទៅ​ម្នាក់ឯង អាត្មាអញ​គួរ​ដល់​នូវ​សព្វញ្ញុតញ្ញាណ ចម្លង​មនុស្សលោក ព្រមទាំង​ទេវលោក។ អាត្មាអញ​នឹង​បាន​ដល់​នូវ​សព្វញ្ញុតញ្ញាណ ចម្លង​ប្រជុំជន​ច្រើន ដោយ​អធិការ​នេះ ដែល​អាត្មាអញ​ធ្វើ​ចំពោះ​ព្រះពុទ្ធ ជា​បុរស​ខ្ពង់ខ្ពស់។ តថាគត​នឹង​កាត់​ខ្សែ​សង្សារ កម្ចាត់បង់​ភព​ទាំង ៣ ឡើងជិះ​លើ​នាវា​គឺ​ធម៌ នឹង​ចម្លង​មនុស្សលោក ព្រមទាំង​ទេវលោក។
ថយ | ទំព័រទី ៣១ | បន្ទាប់