ព្រះពុទ្ធ ព្រះនាម​ទីបង្ករ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​គួរ​ទទួល​គ្រឿងបូជា​ទាំងឡាយ ទ្រង់​ឈរ​ក្បែរ​សីសៈ​របស់​តថាគត ត្រាស់​ពាក្យ​នេះ​ថា (ម្នាល​ភិក្ខុ​ទាំងឡាយ) អ្នក​ទាំងឡាយ ចូរ​មើល​តាបស​នេះ ជា​ជដិល​មានត​បៈ​ដ៏​ខ្ពង់ខ្ពស់ តាបស​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​លោក ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ​ទៅ។ សត្វ​នេះ នឹង​ចេញ​ចាក​ក្រុង​ឈ្មោះ​កបិលវត្ថុ ជាទី​រីករាយ តម្កល់​ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វ​នេះ អង្គុយ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ដែល​នាង​សុជាតា​ថ្វាយ​ក្នុង​ទីនោះ នឹង​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​នោះ បាន​ទទួល​បាយាស​ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ហើយ នឹង​ត្រឡប់​មក​តាមផ្លូវ​ដែលគេ​តាក់តែង​យ៉ាង​ប្រសើរ (អង្គុយ) ទៀប​គល់​ពោធិព្រឹក្ស លំដាប់នោះ តាបស​មានយស​ធំ​នេះ ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល នឹង​បាន​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្ពោធិញ្ញាណ ទៀប​គល់​អស្សត្ថ​ព្រឹក្ស។
ថយ | ទំព័រទី ៣២ | បន្ទាប់