ព្រះ​ជនិកា​មាតា​របស់​តាបស​នេះ នឹង​មាន​នាម​ថា ព្រះនាង​មាយា​ទេវី ព្រះបិតា ព្រះនាម​សុទ្ធោទនៈ ឯតាបស​នេះ នឹង​មានឈ្មោះ​ថា ព្រះ​គោតម អគ្គសាវ័ក​ទាំងពីរ​រូប គឺ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​ខ្ជាប់ខ្ជួន ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ​អានន្ទ នឹង​បម្រើ​ព្រះ​ជិនស្រី​នេះ។ អគ្គសាវិកា​ពីរ​រូប គឺ​នាង​ខេមា ១ ឧប្បល​វណ្ណា ១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​ខ្ជាប់ខ្ជួន។ ឈើ​ជាទី​ត្រាស់​ដឹង​របស់​ព្រះមានព្រះភាគ​នោះ ហៅថា​អស្សត្ថ​ព្រឹក្ស ឯឧបាសក​ជា​ឧបដ្ឋាក​ដ៏​ប្រសើរ​ពីរ​រូប គឺ​ចិត្តៈ ១ ហត្ថា​ឡវកៈ ១។ នាង​នន្ទ​មាតា និង​នាង​ឧត្តរា ជា​ឧប​ដ្ឋា​យិ​កាដ​៏​ប្រសើរ ព្រះ​គោតម​មានយស​នោះ មាន​ព្រះជន្ម ១០០ វស្សា។ ពួក​មនុស្ស និង​ទេវតា លុះ​ឮពាក្យ​ព្យាករណ៍​របស់​ព្រះពុទ្ធ​ទីបង្ករ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ ឥតមាន​បុគ្គល​ស្មើ​នេះ​ហើយ ក៏​រីករាយ ដោយ​គិតថា សុមេធ​តាបស​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។
ថយ | ទំព័រទី ៣៣ | បន្ទាប់