សំឡេង​ហ៊ោ​ទាំងឡាយ ក៏​ប្រព្រឹត្តទៅ ពួក​លោក ព្រមទាំង​ទេវលោក ទាំង​មួយ​ម៉ឺន​លោកធាតុ ទះដៃ​ផង សើច​ផង ផ្គង​អញ្ជលី​នមស្ការ​ផង ពោល​ថា បើ​ពួក​យើង​ឃ្វាង​មគ្គផល ក្នុង​សាសនា​ព្រះ​លោកនាថ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​នឹង​បានសម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ នៃ​ព្រះ​គោតម​នេះ។ ពួក​មនុស្ស កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ​ហើយ តែង​កាន់​យក​កំពង់​ខាងក្រោម ក៏​ឈ្មោះថា​ឆ្លងស្ទឹង​ធំ​ដែរ យ៉ាងណាមិញ ពួក​យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​នេះ​ហើយ ក្នុង​កាល​ជា​អនាគត គង់​នឹង​បានសម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក៏​យ៉ាងនោះ​ដែរ។ ព្រះពុទ្ធ​ទីបង្ករ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក គួរ​ទទួល​គ្រឿងបូជា ទ្រង់​សរសើរ​អំពើ​របស់​តថាគត​ហើយ ទ្រង់​លើក​ព្រះបាទ​ខាងស្តាំ។ សាវ័ក​ទាំងឡាយ​ណា ជា​បុត្រ​នៃ​ព្រះ​ជិនស្រី​ក្នុង​ទីនោះ ពួក​សាវ័ក​ទាំងនោះ ក៏​ធ្វើ​ប្រទក្សិណ​តថាគត ពួក​ទេវតា ពួក​មនុស្ស ពួក​អសុរ ពួក​យក្ស ក៏​ក្រាប​ថ្វាយបង្គំ​តថាគត ហើយ​ចៀសចេញ​ទៅ។
ថយ | ទំព័រទី ៣៤ | បន្ទាប់