ផ្កាដ៏វិចិត្រ​ទាំងឡាយ រុះរោយ​ចុះ​អំពី​អាកាស ក្នុងខណៈនោះ ផ្កាដ៏វិចិត្រ​ទាំងនោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ មហាសមុទ្រ​ក៏​ស្រក​ចុះ លោកធាតុ​ទាំង​មួយ​ម៉ឺន​ក៏​ញាប់ញ័រ ក្នុងខណៈនោះ មហាសមុទ្រ និង​លោកធាតុ​ទាំងពីរ​នោះ ក៏​លាន់ឮ​កងរំពង​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ភ្លើង​ក្នុង​នរក​ទាំង​មួយ​ម៉ឺន​ក៏​រលត់​ក្នុងខណៈនោះ ភ្លើង​ទាំងនោះ ក៏​រលត់​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ព្រះអាទិត្យ​ប្រាសចាក​មន្ទិល ផ្កាយ​ទាំងពួង​ក៏​ប្រាកដ ព្រះអាទិត្យ និង​ផ្កាយ​ទាំងនោះ ក៏បាន​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ក្នុង​កាល​គ្មាន​ភ្លៀង ទឹក​ក៏​ផុសផុល​ឡើងលើ​ផែនដី ក្នុងខណៈនោះ ទឹក​ក៏​ផុស​ឡើងលើ​ផែនដី ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ពួក​ផ្កាយ​ទាំងឡាយ​ក៏​រុងរឿង ផ្កាយ​នក្ខត្តឫក្ស​ទាំងឡាយ ប្រកបដោយ​ព្រះចន្ទ្រ​ខែវិសាខ (ក៏​រុងរឿង) ក្នុង​មណ្ឌល​នៃ​អាកាស លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។
ថយ | ទំព័រទី ៣៧ | បន្ទាប់