ធូលី​ក៏​ខ្ចាត់ខ្ចាយ​ទៅ​ខាងលើ ការ​ខ្ចាត់ខ្ចាយ​ធូលី​ក៏​ប្រាកដ​ក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើប​ពួក​យើង​ដឹង​ថា លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ក្លិនស្អុយ​ក៏​ផាត់ចេញ ក្លិន​ទិព្វ​ក៏​ផ្សាយ​ទៅ ក្លិន​ទិព្វ​នោះ ក៏​ផ្សាយ​ចេញ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ពួក​ទេវតា​ទាំងពួង វៀរលែងតែ​អរូបព្រហ្ម​ចេញ ដែល​ប្រាកដ ពួក​ទេវតា​ទាំងអស់​នោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ពួក​សត្វ​នរក​ទាំងអម្បាល​ម៉ាន ដែល​ប្រាកដ​ក្នុងខណៈនោះ ពួក​សត្វ​នរក​ទាំងអស់​នោះ​ឯង ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ក្នុង​កាលនោះ ជញ្ជាំង​ទាំងឡាយ​ក្តី សន្ទះទ្វារ​ទាំងឡាយ​ក្តី ភ្នំ​ទាំងឡាយ​ក្តី ជា​គ្រឿង​រារាំង មិន​មាន​ឡើយ កំពែង សន្ទះទ្វារ និង​ភ្នំ​ទាំងឡាយ​នោះ ក៏​ក្លាយទៅជា​អាកាស (ប្រាកដ) ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ចុតិ និង​ឧប​បត្តិ មិន​មាន​ក្នុងខណៈនោះ និមិត្ត​ទាំងនោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។
ថយ | ទំព័រទី ៣៩ | បន្ទាប់