ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​ដ៏​ប្រសើរ ទ្រង់​គង់នៅ​ក្នុង​វេឡុ​វន​មហាវិហារ ព្រះបាទ​ពិម្ពិសារ ទ្រង់​ឮដំណឹង​នោះ​ហើយ ក៏​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ។ ព្រះរាជា​មាន​ពួក​បរិវារ​ច្រើន ចំនួន ១១ ម៉ឺន​រូប កាន់​ប្រទីប គ្រឿងក្រអូប ធូប និង​ផ្កាកម្រង​ជាដើម បូជា​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់​សម្តែង​ទោស​នៃ​កាម ក្នុង​ទីប្រជុំ​នោះ​ឯង លុះ​ចប់​ទេសនា ព្រះរាជា​កើត​សេចក្តី​រីករាយ​ក្នុង​កាលនោះ។ ពួក​សត្វ ៨ ម៉ឺន ៤ ពាន់​រូប បាន​ត្រាស់​ដឹង​ធម៌ ព្រះរាជា​ជា​ពុទ្ធបិតា លុះ​ឮដំណឹង​នោះ​ហើយ ទើប​បញ្ជូន​ទូត ៩ រូប​ទៅ។ ទូត​ទាំងឡាយ ព្រមទាំង​បរិវារ ៩ ពាន់ ក៏​សូម​ផ្នួស​នឹង​ព្រះ​មុនី ពួក​ទូត​ទាំងនោះ មាន​បរិវារ ៩ ពាន់ ក៏បាន​លុះ​ព្រះ​អរហត្ត។ ក្នុង​កាល​ជា​ខាងក្រោយ​បំផុត កា​ឡុ​ទាយិ​មាន​បរិវារ​មួយ​ពាន់ កាន់​យក​ភេទ​ជា​ភិក្ខុ​ហើយ លោក​ក៏​និមន្ត​ព្រះមានព្រះភាគ​មក។ ព្រះពុទ្ធ​ជា​សក្យ​ដ៏​ប្រសើរ ទ្រង់​ទទួល​និមន្ត​ហើយ ក៏​ស្តេច​ទៅកាន់​ផ្លូវ​ធំ ស្តេច​ទៅជាមួយ​នឹង​ភិក្ខុ​ពីរ​ម៉ឺន​រូប។
ថយ | ទំព័រទី ៤ | បន្ទាប់