(និមិត្ត​ទាំងនេះ ក៏​ប្រាកដ​ដល់​សត្វ​ទាំងឡាយ ដើម្បី​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្ពោធិញ្ញាណ) ពួក​សត្វ​ពោល​ថា (បពិត្រ​សុមេធ​តាបស) សូម​លោក​ផ្គង​ព្យាយាម​ឲ្យ​មាំមួន​ឡើង កុំ​ត្រឡប់ កុំ​ថយក្រោយ​ឡើយ ពួក​យើង​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ តថាគត​លុះ​ឮពាក្យ​របស់​ជន​ទាំងពីរ​ពួក គឺ​ព្រះពុទ្ធ និង​ទេវតា​ទាំង​មួយ​ម៉ឺន​ចក្រវាឡ​ហើយ ក៏​ត្រេកអរ ស្រស់ស្រាយ រីករាយ គិត​ក្នុង​កាលនោះ​យ៉ាងនេះ​ថា ធម្មតា​ព្រះពុទ្ធ​ទាំងឡាយ មិនដែល​មាន​ព្រះពុទ្ធដីកា​បែក​ជា​ពីរ​ទេ ព្រះ​ជិនស្រី​ទាំងឡាយ មិនដែល​មាន​ព្រះពុទ្ធដីកា​ឥតអំពើ​ទេ ព្រះពុទ្ធដីកា​របស់​ព្រះពុទ្ធ​ទាំងឡាយ មិនដែល​ឃ្លៀងឃ្លាត​ទេ អាត្មាអញ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ដុំដី​ដែលគេ​ចោល​ទៅ​ឰដ៏​អាកាស ទៀងតែ​ធ្លាក់​មក​លើ​ផែនដី​វិញ​យ៉ាងណា ពាក្យ​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំងឡាយ ក៏​ទៀងទាត់​ប្រាកដ​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៤០ | បន្ទាប់