បុរស​ដែល​ជាប់​នៅក្នុង​គុក​អស់​កាលយូរ ត្រូវ​សេចក្តី​ទុក្ខ​បៀតបៀន​ហើយ រមែង​មិន​ញ៉ាំង​សេចក្តី​ត្រេកអរ ឲ្យ​កើតឡើង​ក្នុង​គុក​នោះ​ទេ រមែង​ស្វែងរក​ការ​រួច (ចាក​គុក​នោះ) យ៉ាងណា អ្នក​ចូរ​ឃើញ​នូវ​ភព​ទាំងអស់ ដូចជា​គុក​ចុះ ចូរ​បែរមុខ​ទៅ​រក​នេក្ខម្មៈ ដើម្បី​រួចចាក​ភព យ៉ាងនោះ​ដែរ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មានត្រឹមតែ​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏បាន​ឃើញ​បញ្ញាបារមី​ទី ៤ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើ​បញ្ញាបារមី​ទី ៤ នេះ ឲ្យ​មាំមួន បើ​អ្នក​ចង់​ដល់​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​បញ្ញាបារមី​ចុះ។ ភិក្ខុ​កាល​ប្រព្រឹត្ត​បិណ្ឌបាត មិន​រំលង​នូវ​ត្រកូល​ទាំងឡាយ ទោះ​ថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម រមែង​បាន​ចង្ហាន់​ល្មម​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​យ៉ាងណា អ្នក​បើ​សាកសួរ​ជន​ជា​អ្នកប្រាជ្ញ​សព្វកាល នឹង​ដល់​នូវ​បញ្ញាបារមី​ហើយ នឹង​បាន​លុះ​នូវ​ពោធិញ្ញាណ​មិនខាន ក៏​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៤៤ | បន្ទាប់