កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏បាន​ឃើញ​ខន្តិ​បារមី​ទី ៦ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើ​នូវ​ខន្តិ​បារមី​ទី ៦ នេះ ឲ្យ​មាំមួន អ្នក​កុំ​មានចិត្ត​បែក​ជា​ពីរ ក្នុង​ខន្តិ​បារមី​នោះ នឹង​បាន​ដល់​នូវ​ពោធិញ្ញាណ​មិនខាន​ឡើយ។ ធម្មតា​ផែនដី រមែង​អត់ទ្រាំ​ចំពោះ​វត្ថុ​ទាំងពួង ទោះ​ស្អាត​ក្តី មិន​ស្អាត​ក្តី ដែលគេ​ដាក់ចុះ​ហើយ រមែង​មិន​ធ្វើ​នូវ​សេចក្តី​ថ្នាំងថ្នាក់ និង​សេចក្តី​ត្រេកអរ​ឡើយ យ៉ាងណា។ អ្នក​ក៏​គួរ​អត់ទ្រាំ​នូវ​ការរាប់​អាន និង​ការ​មើលងាយ របស់​ពួក​ជន​ទាំងពួង យ៉ាងនោះ​ដែរ លុះដល់​នូវ​ខន្តិ​បារមី​ហើយ នឹង​បានសម្រេច​សម្ពោធិញ្ញាណ​មិនខាន​ឡើយ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មាន​ត្រឹម​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។
ថយ | ទំព័រទី ៤៦ | បន្ទាប់