ធម្មតា​ទឹក រមែង​ផ្សព្វផ្សាយ​ត្រជាក់​ស្មើ ចំពោះ​ជន​ទាំង​ល្អ​ទាំង​អាក្រក់ រមែង​កម្ចាត់បង់​នូវ​ធូលី និង​មន្ទិល​យ៉ាងណា។ អ្នក​ចូរ​ចម្រើនមេត្តា​ឲ្យ​ស្មើ ចំពោះ​មិត្ត និង​សត្រូវ យ៉ាងនោះ​ដែរ លុះដល់​នូវ​មេត្តា​បារមី​ហើយ នឹង​បានសម្រេច​សម្ពោធិញ្ញាណ​មិនខាន​ឡើយ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មាន​ត្រឹម​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏បាន​ឃើញ​ឧបេក្ខា​បារមី​ទី ១០ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើ​ឧបេក្ខា​បារមី​ទី ១០ នេះ ឲ្យ​មាំមួន អ្នក​គួរ​ជា​បុគ្គល​ដូចជា​ជញ្ជីង​ដ៏​មាំមួន នឹង​បានសម្រេច​ពោធិញ្ញាណ​មិនខាន​ឡើយ។ ធម្មតា​ផែនដី តែង​ព្រងើយកន្តើយ ចំពោះ​វត្ថុ​មិន​ស្អាត​ក្តី ស្អាត​ក្តី ដែលគេ​ដាក់ចុះ​ហើយ តែង​វៀរចាក​សេចក្តី​ក្រោធ និង​សេចក្តី​ត្រេកអរ ចំពោះ​វត្ថុ​ទាំងពីរ​នោះ យ៉ាងណា
ថយ | ទំព័រទី ៤៩ | បន្ទាប់