អ្នក​ចូរ​ធ្វើខ្លួន​ឲ្យ​ដូចជា​ជញ្ជីង ចំពោះ​សុខ និង​ទុក្ខ សព្វកាល យ៉ាងនោះ​ដែរ អ្នក​លុះដល់​នូវ​ឧបេក្ខា​បារមី​ហើយ នឹង​បានសម្រេច​សម្ពោធិញ្ញាណ​ពុំខាន។ ធម៌​ទាំងឡាយ​ណា ជា​គ្រឿង​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច ធម៌​ទាំងនោះ មាន​ក្នុង​លោក​ត្រឹមតែ​ប៉ុណ្ណេះ ពុទ្ធ​ការ​កធម៌​ដទៃ ក្រៅអំពី​បារមី ១០ នោះ មិន​មាន​ទេ អ្នក​ចូរ​តាំងនៅ​ក្នុង​បារមី​ធម៌​ទាំង ១០ នោះ ឲ្យ​មាំមួន​ចុះ។ កាល​តថាគត​ពិចារណា​នូវ​បារមី​ធម៌​ទាំងនេះ ដោយ​សភាវ​សរ​សល​ក្ខ​ណៈ ផែនដី​ទាំង​មួយ​ម៉ឺន​លោកធាតុ ក៏​ញាប់ញ័រ ដោយ​តេជះ​នៃ​ធម៌។ ផែនដី​កម្រើក បន្លឺ​ឡើង ដូចជា​ឃ្នាបអំពៅ ដែល​ត្រូវ​គេ​គាប ឬច​ក្ក​យន្ត​ប្រេង ត្រូវ​គេ​គាប​ហើយ (រមែង​វិល​ញ័រ) យ៉ាងណា ផែនដី​ក៏​ញាប់ញ័រ យ៉ាងនោះ​ដែរ។ បរិស័ទ​របស់​ព្រះពុទ្ធ មាន​ចំនួន​ប៉ុន្មាន ក្នុង​ទី​ដែល​អង្គាស​បរិស័ទ​នោះ ក៏​ញាប់ញ័រ ដេក​ជ្រប់​លើ​ផែនដី ក្នុង​ទី​អង្គាស​នោះ។ ឆ្នាំង​ជាច្រើន​ពាន់ និង​ក្អម​ជាច្រើន​រយ ក៏​ទង្គិច​គ្នា​បែក​ខ្ទេចខ្ទី​អស់ ក្នុង​ទីនោះ។
ថយ | ទំព័រទី ៥០ | បន្ទាប់