ពួក​មហាជន មានចិត្ត​រន្ធត់​តក់ស្លុត ភិតភ័យ ភ្ញាក់ផ្អើល មានចិត្ត​ញ័រចំប្រប់ មក​ប្រជុំ​គ្នា​ហើយ ចូល​ទៅ​គាល់​ព្រះពុទ្ធ​ទីបង្ករ (ហើយ​ទូល​សួរ​ថា) បពិត្រ​ព្រះអង្គ មាន​ចក្ខុ ហេតុ​ល្អ ឬហេតុ​អាក្រក់ ដូចម្តេច នឹង​មានដល់​មនុស្សលោក លោក​ទាំងមូល ត្រូវ​សេចក្តី​អន្តរាយ​បៀតបៀន​ហើយ សូម​ព្រះអង្គ​ទ្រង់​មេត្តាប្រោស បន្ទោបង់​សេចក្តី​អន្តរាយ​នោះ​ចេញ។ គ្រានោះ ព្រះ​មហាមុនី​ទីបង្ករ ទ្រង់​ញ៉ាំង​មហាជន​ទាំងនោះ ឲ្យ​យល់​ច្បាស់​ថា អ្នក​ទាំងឡាយ ចូរ​កុំ​មាន​សេចក្តី​រង្កៀស កុំ​ខ្លាច​ចំពោះ​ការ​ញាប់ញ័រ ផែនដី​នេះ​ឡើយ។ ដ្បិត​តថាគត​បាន​ព្យាករ​ក្នុងថ្ងៃនេះ​ថា សុមេធបណ្ឌិត​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​លោក (ក្នុង​កាល​ជា​អនាគត) សុមេធបណ្ឌិត​នុ៎ះ កំពុង​ពិចារណា​ធម៌ ដែល​ព្រះ​ជិនស្រី​អំពី​បូរាណ ធ្លាប់​សេព​មក។ កាល​សុមេធបណ្ឌិត​ពិចារណា​ធម៌ គឺ​ពុទ្ធភូមិ ដោយ​ឥត​សេសសល់ ព្រោះហេតុនោះ បាន​ជា​ផែនដី​ទាំង​មួយ​ម៉ឺន​លោកធាតុ​ក្នុង​លោក ព្រមទាំង​ទេវលោក​ញាប់ញ័រ។
ថយ | ទំព័រទី ៥១ | បន្ទាប់