ចិត្ត(នៃ​មហាជន) ក៏​រលត់​ស្ងប់​ក្នុងខណៈនោះ​ភ្លាម ព្រោះ​បាន​ស្តាប់​ព្រះបន្ទូល​របស់​ព្រះពុទ្ធ ពួក​មហាជន​ទាំងអស់គ្នា ក៏​ចូល​មករ​កត​ថា​គត ហើយ​ក្រាប​ថ្វាយបង្គំ​ម្តង​ទៀត។ គ្រានោះ តថាគត​សមាទាន​នូវ​ពុទ្ធគុណ ធ្វើ​ចិត្ត​ឲ្យ​មាំមួន ក្រាប​ថ្វាយបង្គំ​ព្រះពុទ្ធ​ទីបង្ករ ហើយ​ក្រោក​ចាក​អាសនៈ។ ពួក​ទេវតា ពួក​មនុស្ស ទាំងពីរ​ពួក ក៏​រោយរាយ​ផ្កា​ទិព្វ និង​ផ្កា​ជា​របស់​មនុស្ស ចំពោះ​សុមេធបណ្ឌិត ដែល​ក្រោក​ចាក​អាសនៈ។ ពួក​ទេវតា និង​ពួក​មនុស្ស ទាំងពីរ​ពួក​នោះ បាន​នូវ​សួស្តី (ពោល​ថា) តំណែង​ដ៏​ធំ ដែល​លោក​ប្រាថ្នា​ហើយ សូម​លោក​បាន​នូវ​តំណែង​នោះ​សមគួរ​តាមប្រាថ្នា​ចុះ។ ចង្រៃ​ទាំងពួង ចូរ​បរ​វៀស​ចៀសចេញ​ទៅ សេចក្តី​សោក និង​រោគ ក៏​ចូរ​ចៀសវាង​ចេញទៅ សេចក្តី​អន្តរាយ កុំបី​មានដល់​លោក​ឡើយ សូម​លោក​បាន​លុះ​នូវ​សព្វញ្ញុតញ្ញាណ ដ៏​ខ្ពង់​ខ្ពស់​ឆាប់ៗ ចុះ។ កាល​ដល់​រដូវ​ផ្កា ពួក​ឈើ​មាន​ផ្កា​រមែង​បញ្ចេញ​ផ្កា​យ៉ាងណា បពិត្រ​តាបស​មាន​ព្យាយាម​ធំ លោក​ចូរ​បញ្ចេញ​ផ្កា ដោយ​ពុទ្ធញ្ញាណ យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៥២ | បន្ទាប់