ព្រះសម្ពុទ្ធ​ទាំងឡាយ​ណាមួយ ទ្រង់​បំពេញ​ហើយ នូវ​បារមី​ទាំង ១០ យ៉ាងណា បពិត្រ​តាបស​មាន​ព្យាយាម​ធំ លោក​ចូរ​បំពេញ​បារមី​ទាំង ១០ យ៉ាងនោះ។ ព្រះសម្ពុទ្ធ​ទាំងឡាយ​ណាមួយ ទ្រង់​ត្រាស់​ដឹង​ទៀប​គល់​ពោធិ​មណ្ឌល យ៉ាងណា បពិត្រ​តាបស​មាន​ព្យាយាម​ធំ លោក​ចូរ​ត្រាស់​ដឹង​ទៀប​គល់​ពោធិ​មណ្ឌល​នៃ​ព្រះ​ជិនស្រី យ៉ាងនោះ។ ព្រះសម្ពុទ្ធ​ទាំងឡាយ​ណាមួយ ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​យ៉ាងណា បពិត្រ​តាបស​មាន​ព្យាយាម​ធំ សូម​លោក​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ យ៉ាងនោះ​ចុះ។ ព្រះចន្ទ្រ​ពេញវង់ រមែង​រុងរឿង​ក្នុង​ថ្ងៃពេញបូណ៌​មី យ៉ាងណា លោក​ក៏​មានចិត្ត​ពេញ ចូរ​រុងរឿង​ក្នុង​លោកធាតុ​ទាំង​មួយ​ម៉ឺន យ៉ាងនោះ។ ព្រះអាទិត្យ​ដែល​រួចផុត​អំពី​រាហុ រមែង​រុងរឿង​ដោយ​កម្តៅ យ៉ាងណា លោក​ចូរ​រួចចាក​លោកធម៌ ចូរ​រុងរឿង​ដោយ​ពុទ្ធ​សិរី យ៉ាងនោះ​ដែរ។ ស្ទឹង​ទាំងឡាយ​ណាមួយ រមែង​ហូរ​ទៅ​ប្រជុំ​ក្នុង​មហាសមុទ្រ យ៉ាងណា ពួក​លោក ព្រមទាំង​ទេវលោក ក៏​រមែង​ប្រជុំ​ក្នុង​សំណាក់​របស់​លោក យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៥៣ | បន្ទាប់