កាលដែល​ព្រះ​ជិនស្រី ទ្រង់​យាង​ទៅ​ក្នុង​ទីស្ងាត់​លើកំពូល​ភ្នំ​នារ​ទៈ ពួក​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល ចំនួន ១០០ កោដិ មក​ប្រជុំ​គ្នា (នេះ​ជា​សន្និបាត លើក​ទី ២)។ កាល​ព្រះ​មហាមុនី​មាន​ព្យាយាម​ធំ ទ្រង់​បវារណា​ជាមួយនឹង​ពួក​ភិក្ខុ ៩០ កោដិ ឰដ៏​ភ្នំ​សុ​ទស្សនៈ (នេះ​ជា​សន្និបាត​លើក​ទី ៣)។ សម័យ​នោះ តថាគត ជា​តាបស​មាន​ផ្នួងសក់ មាន​ព្យាយាម​ដ៏​ក្លៀវក្លា ត្រាច់​ទៅ​ឰដ៏​អាកាស ជា​អ្នក​បាន​ដល់​នូវ​ត្រើយ​នៃ​អភិញ្ញា​ទាំង ៥។ ពួក​សត្វ​ចំនួន ៣ ម៉ឺន បាន​ត្រាស់​ដឹង​នូវ​សច្ចៈ ការ​ត្រាស់​ដឹង​របស់​សត្វ​នឹង​រាប់​ថា ១ ឬ ២ រាប់មិនអស់​ឡើយ។ សាសនា​របស់​ព្រះ​ទីបង្ករ​មាន​ព្រះ​ភាគ ជា​គុណជាត​ធំ​ទូលាយ មាន​ជន​ច្រើន ស្តុកស្តម្ភ សាយភាយ គឺ​ព្រះអង្គ ទ្រង់​ជម្រះ​ល្អ​ហើយ ក្នុង​កាលនោះ។ ពួក​ព្រះ​ខីណាស្រព ចំនួន ៤ សែន​រូប បាន​លុះ​អភិញ្ញា ៦ មាន​ឫទ្ធិ​ច្រើន តែង​ហែហម​ព្រះពុទ្ធ​ទីបង្ករ ដែល​ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក​សព្វកាល។ ក្នុង​សម័យ​នោះ ពួក​ជន​ណាមួយ ដែល​មិនបាន​លុះ​ព្រះ​អរហត្ត នៅជា​សេក្ខបុគ្គល លះបង់​នូវ​ការ​កើតជា​មនុស្ស ពួក​ជន​នោះ រមែង​ត្រូវ​គេ​តិះដៀល។
ថយ | ទំព័រទី ៥៦ | បន្ទាប់