ព្រះសុមង្គលៈ និងព្រះតិស្សៈ ជាអគ្គសាវ័ក ព្រះសាគតៈ ជាឧបដ្ឋាករបស់ព្រះសាស្តាទីបង្ករ។ នាងនន្ទា និងសុនន្ទា ជាអគ្គសាវិកា ពោធិព្រឹក្សរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថាដើមលៀប។ ឧបាសកឈ្មោះតបុស្សៈ និងភល្លិកៈ ជាឧបដ្ឋាកដ៏ប្រសើរ នាងសិរិមា និងនាងសោណា ជាឧបដ្ឋាយិការបស់ព្រះសាស្តាទីបង្ករ។ ព្រះមហាមុនីទីបង្ករ មានកម្ពស់ ៨០ ហត្ថ ល្អដូចឈើប្រចាំទ្វីប ឬដូចដើមសាលរាជព្រឹក្ស មានផ្ការីកស្គុះស្គាយ។ រស្មីរបស់ព្រះអង្គ ផ្សាយទៅចម្ងាយ ១០ យោជន៍ជុំវិញ ព្រះមហេសីនោះ មានព្រះជន្ម ១ សែនឆ្នាំ កាលព្រះអង្គគង់ធរមាននៅឡើយ ទ្រង់ញ៉ាំងព្រះសទ្ធម្មឲ្យរុងរឿង ចម្លងមហាជន ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លងចាកសង្សារវដ្ត។ ព្រះទីបង្ករនោះ ព្រមទាំងសាវ័ក និព្វានទៅ ដូចគំនរភ្លើងដែលរុងរឿងរលត់ទៅដូច្នោះ ឫទ្ធិនោះក្តី យសនោះក្តី ទាំងចក្ករតនៈឰដ៏ព្រះបាទានោះក្តី ក៏រលត់ទៅ។